អ្នកឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេសធីអេសខេ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបើកពិព័រណ៍រថយន្ត លើកទី២ ឆ្នាំ២០២៥។ ពិធីដ៏សំខាន់នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅ ដឹ ព្រេមៀរ សេនធ័រ សែនសុខ។
អ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ ដែលជាសមាជិកម្នាក់នៃសមាគមឧកញ៉ាកម្ពុជាផងដែរនោះ បានគូសបញ្ជាក់ថា ការរៀបចំពិព័រណ៍រថយន្តលើកទី២នេះ មានការចូលរួមពីក្រុមហ៊ុនកើនឡើងទ្វេដងបើធៀបនឹងលើកទីមួយ។ លោកអ្នកឧកញ៉ា បានបន្ថែមថា ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយដែលឆ្លុះបញ្ចាំងពីភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា ក្រោមម្លប់សុខសន្តិភាព និងការដឹកនាំប្រកបដោយភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។
សូមជម្រាបជូនថា ពិព័រណ៍រថយន្ត (Auto Show) លើកទី២ ឆ្នាំ២០២៥ នេះ បានប្រមូលផ្តុំក្រុមហ៊ុនរថយន្ត ក៏ដូចជាដៃគូសហការផ្សេងៗទៀតសរុបជាង ៧០ក្រុមហ៊ុន។ ព្រឹត្តិការណ៍នេះ ដើរតួជាវេទិកាដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិត អ្នកលក់ និងអ្នកប្រើប្រាស់ ក្នុងការស្វែងយល់ពីបច្ចេកវិទ្យា និងផលិតផលថ្មីៗ ព្រមទាំងសភាពការណ៍ទីផ្សារសកលនៅក្នុងប្រទេសកម្ពុជា។ ក្រៅពីជាឱកាសក្នុងការបង្កើតបណ្តាញទំនាក់ទំនងជាមួយអតិថិជន ពិព័រណ៍នេះក៏ផ្តល់នូវបទពិសោធន៍ថ្មី ផលិតផលទំនើប បច្ចេកវិទ្យាចុងក្រោយ រួមជាមួយចំណេះដឹងទាក់ទងនឹងយានយន្តសម្រាប់អ្នកចូលរួមផងដែរ។