មន្ទីរពេទ្យអន្ដរជាតិ អរៀនដា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) កាលពីថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យអន្ដរជាតិ អរៀនដា។
កម្មពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ អ្នកឧកញ៉ា គួន ធីតា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្ដរជាតិ អរៀនដា និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា រួមជាមួយ លោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារ អេស៊ីលីដា ភីអិលស៊ី។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ បានសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង មន្ទីរពេទ្យអន្ដរជាតិ អរៀនដា ដែលជាគ្រឹះស្ថានសុខាភិបាល និងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ ដែលញ៉ាំងឲ្យបរិយាកាសកាន់តែមានភាពឱឡារិក។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានគេរំពឹងថានឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងចូលរួមចំណែកដល់ការអភិវឌ្ឍទាំងក្នុងវិស័យសុខាភិបាល និងហិរញ្ញវត្ថុ។